ភ្នំពេញ — ក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏ធំបំផុតរបស់កម្ពុជា ហ្វតតេ បានដាក់បង្ហាញនិមិត្តសញ្ញាថ្មី ជាមួយនឹងពាក្យស្លោកថ្មី "រស់នៅដោយភាពជឿជាក់" ដើម្បីសម្គាល់ដំណាក់កាលវិវឌ្ឍន៍នៃការរីកចម្រើនរបស់ក្រុមហ៊ុន ។
ជាផ្នែកមួយនៃការកែលម្អនិមិត្តសញ្ញានេះ ក្រុមហ៊ុន ហ្វតតេ បានពង្រឹងចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនលើការផ្តល់ផលិតផល និងសេវាកម្មដែលផ្តោតលើអតិថិជនប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពមនុស្ស និងការរួមចំណែកដល់វឌ្ឍនភាពនៃវិស័យធានារ៉ាប់រងលើទីផ្សារ ។
ការអភិវឌ្ឍន៍និមិត្តសញ្ញា និងពាក្យស្លោកថ្មី 'រស់នៅដោយភាពជឿជាក់' គឺជាការបង្ហាញពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនក្នុងវិស័យធានារ៉ាប់រង និងដើម្បីពង្រឹងជំហរលើការរីកចម្រើនប្រកបដោយនិរន្តរភាព និងចែករំលែកបទពិសោធន៍ខណៈពេលដែលក្រុមហ៊ុនក៏កំពុងព្យាយាមបង្កើនភាពជិតស្និទ្ធរវាងមនុស្ស និងសេវាកម្មហិរញ្ញវត្ថុ ឱ្យបានកាន់តែស្អិតរមួត តាមរយៈមធ្យោបាយលើកទឹកចិត្ត និងផ្តល់អំណាច ។
ហ្វតតេ ជ្រើសរើសយកការយល់ចិត្ត និងការវិនិយោគក្នុងកិច្ចស្រាវជ្រាវ ដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅអំពីការយល់ឃើញរបស់អតិថិជនចំពោះគ្រប់យ៉ាងដែល ហ្វតតេ អាចធ្វើបាន ដែលសំដៅដល់ឱកាសដ៏សម្បូរបែប និងអ្វីដែលអតិថិជនចង់បានពីសេវាធានារ៉ាប់រង ដើម្បីផ្តល់ជូនភាពពិសេសខុសប្លែកចំពោះ ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុននៅលើទីផ្សារ ។
លោក Charles Cheo, Group Executive Chairman of Forte បានមានប្រសាសន៍ថា “ហ្វតតេ បានកសាងភាពជោគជ័យរបស់យើងដោយយកចិត្តទុកដាក់ទៅលើអតិថិជន ការគិតអំពីអនាគត និងភាពច្នៃប្រឌិត អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកហើយ ។ យើងជឿជាក់ថាការកសាងការពង្រឹងលើម៉ាកយីហោ រួមជាមួយនឹងទស្សនវិស័យហិរញ្ញវត្ថុដ៏រឹងមាំរបស់យើងដោយផ្អែកលើចំណាត់ថ្នាក់ 'AA' ពី Global Credit Rating Co របស់យើងទាក់ទងនឹងការវាយតម្លៃហិរញ្ញវត្ថុជាតិ នឹងបន្ថែមតម្លៃដល់ម្ចាស់ភាគហ៊ុនរបស់យើង ក៏ដូចជាផ្លាស់ប្តូរ ហ្វតតេ ទៅជាអ្នកផ្គត់ផ្គង់ប្រចាំតំបន់ ។ យើងរំពឹងទុកនូវជោគជ័យកាន់តែយូរអង្វែងនៅក្នុងរយៈពេលជាច្រើនទស្សវត្សន៍ខាងមុខទៀត» ។
លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនហ្វតតេ ក៏បានមានប្រសាសន៍ដែរថា “វាដល់ពេលហើយសម្រាប់ពួកយើងដើម្បីឆ្ពោះទៅមុខ និងធ្វើទំនើបកម្មសម្រាប់យុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ។ អត្តសញ្ញាណម៉ាកដែលបានបង្កើតថ្មីរបស់យើង គឺបង្ហាញពីទំនុកចិត្ត និងសុទិដ្ឋិនិយមក្នុងការឆ្ពោះទៅមុខក្នុងនាមជាគ្រួសារ ហ្វតតេ តែមួយដែលមានគោលបំណងដ៏រឹងមាំ ស្របតាមចក្ខុវិស័យរបស់យើងក្នុងការការពារ និងផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់គ្នានៅក្នុងតំបន់ សម្រាប់អនាគតដ៏ល្អប្រសើរ - មនុស្សម្នាក់ អាជីវកម្មមួយ ក្នុងពេលតែមួយ ។
លោកស្រី Sharliza Rahman នាយិកាផ្នែក និមិត្តសញ្ញា និងជីថល នៃក្រុមហ៊ុន ហ្វតតេ បានបង្ហើបថា “នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ ការអភិវិវឌ្ឍន៍និមិត្តសញ្ញា និងខ្លឹមសារផ្សាភ្ជាប់ក្នុងសារទំនាក់ទំនងរបស់ ហ្វតតេ គឺជារឿងចាំបាច់ណាស់ ដើម្បីបញ្ជាក់ឱ្យបានកាន់តែច្បាស់អំពីអត្តសញ្ញាណរបស់យើងនាពេលបច្ចុប្បន្ននេះ និងដើម្បីផ្គូផ្គងមហិច្ឆតារបស់យើងសម្រាប់ពេលអនាគត ។ ការវិវឌ្ឍន៍និមិត្តសញ្ញារបស់យើង គឺត្រូវធ្វើឱ្យក្លាយជាចំណុចរសើបមួយ ខណៈដែលយើងនៅតែអភិរក្សភាពពិតប្រាកដច្បាស់លាស់ចំពោះបេតិកភណ្ឌ និងប្រវត្តិយូរអង្វែងរបស់យើង ។ ទន្ទឹមគ្នានឹងសមាសធាតុដ៏គួរឱ្យកត់សម្គាល់នេះ យើងក៏បានដាក់បញ្ចូលឧបករណ៍និទស្សន៍ថ្មីៗបន្ថែម ដើម្បីធ្វើឱ្យម៉ាករបស់យើងទទួលបាននូវរូបរាងថ្មីដែលប្រកបដោយថាមពល និងភាពជឿជាក់ ។
អ្នកនាងក៏បានបន្ថែមទៀតដែរថា “អ្វីដែលយើងកំពុងធ្វើគឺមិនមែនគ្រាន់តែជាការធ្វើឡូហ្គោថ្មីឡើងវិញ ឬយុទ្ធនាការទីផ្សារនោះទេ ។ វាបង្ហាញពីចេតនា និងការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់គ្នា តាមរយៈការផ្តល់ឱ្យពួកគេនូវសំណាញ់សុវត្ថិភាព ដែលធ្វើឱ្យពួកគេមានភាពក្លាហានដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេ” ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមហ៊ុន ហ្វតតេ នឹងដាក់បង្ហាញអត្តសញ្ញាណនិមិត្តសញ្ញាថ្មីរបស់ខ្លួននៅក្នុងដំណាក់កាលជាបន្តបន្ទាប់ ក៏ដូចជាយុទ្ធនាការវិវឌ្ឍន៍និមិត្តសញ្ញាក្នុងតំបន់នៅទូទាំងប្រទេសកម្ពុជា និងប្រទេសឡាវ ផងដែរ ។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ 1999 ក្រុមហ៊ុន ហ្វតតេ បានកសាងចំណែកទីផ្សារដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាសម្រាប់ការធានារ៉ាប់រងទូទៅ ហើយក៏បានពង្រីកការធានារ៉ាប់រងអាយុជីវិតនៅឆ្នាំ 2019 ។ ក្រុមហ៊ុនក៏ទទួលបានការទទួលស្គាល់ក្នុងតំបន់អាស៊ីថាជា ក្រុមហ៊ុនដែលផ្តល់ធានារ៉ាប់រងក្នុងស្រុកដ៏ល្អបំផុតប្រចាំឆ្នាំដោយ Insurance Asia Awards ជាលើកទីពីរ និង ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតនៅក្នុងប្រទេសកម្ពុជា ដោយ Global Banking and Finance Review រយៈពេល 8 ឆ្នាំជាប់ៗគ្នា ។