ថ្ងៃច័ន្ទ 03 កក្កដា 2023
ហ្វតតេ ចូលរួមសិក្ខាសាលាអន្តរជាតិស្ដីពីការធានារ៉ាប់រងកសិកម្ម
By ហ្វតតេ

 

 

ហ្សាកាតា ឥណ្ឌូនេស៊ី កាលពីថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2023  កន្លងទៅនេះ ហ្វតតេ ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង និងជាក្រុមហ៊ុនតែមួយគត់នៅប្រទេសកម្ពុជាដែលផ្ដល់សេវាធានារ៉ាប់រងផ្នែកកសិកម្ម បានចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពី "ធានារ៉ាប់រងកសិកម្ម លទ្ធភាពក្នុងការអភិវឌ្ឍ និងនិរន្តរភាព" ដែលត្រូវបានរៀបចំឡើងដោយ ASEAN Natural Disaster Research and Works Sharing (ANDREWS) និង ASEAN Insurance Council (AIC) ។ សន្និសីទអន្តរជាតិនេះ ប្រមូលផ្តុំទៅដោយអ្នកជំនាញក្នុងធានារ៉ាប់រងកសិកម្មមកពីតំបន់អាស៊ាន ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនជុំវិញសក្តានុពល និងការអភិវឌ្ឍន៍ចុងក្រោយបង្អស់នៃធានារ៉ាប់រងផ្នែកកសិកម្ម។ 

 

 

>

 

 

បច្ចុប្បន្ន ពិភពលោកយើងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ហើយបម្រែបម្រួលអាកាសធាតុ ក៏ជាមួយក្នុងចំណោមបញ្ហាធំៗដែលកំពុងកើតមាន។ ជាក់ស្ដែង កសិករជាទូទៅតែងតែពឹងផ្អែកលើអាកាសធាតុដើម្បីធ្វើស្រែចម្ការ ដាំដុះដំណាំ និងចិញ្ចឹមសត្វសម្រាប់ប្រកបរបរចិញ្ចឹមជីវិត។ ដោយយោងតាមបទបង្ហាញរបស់លោក ​​J.B BODA នៅពេលដែលអាកាសធាតុប្រែប្រួល វាអាចបង្កឱ្យមានភាពវឹកវរ ស្មុគស្មាញ និងមិនច្បាស់លាស់ ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់កសិករ។ បណ្ណសន្យារ៉ាប់រងលើដំណាំកសិកម្មដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ ក៏ជាប្រធានបទមួយដែលត្រូវបានគេលើកយកមកពិភាក្សាក្នុងកម្មវិធីនោះផងដែរ។ បណ្ណសន្យារ៉ាប់រងនេះ បានផ្តល់ការការពារកសិករពីផលប៉ះពាល់ដែលមិនអាចទាយទុកជាមុនពីបម្រែបម្រួលអាកាសធាតុ ផ្តល់ការការពារផ្នែកហិរញ្ញវត្ថុបណ្ដាលពីការបាត់បង់ដំណាំ និង កាត់បន្ថយហានិភ័យផ្សេងៗដែលទាក់ទងនឹងអាកាសធាតុ។ ជុំវិញបម្រែបម្រួលអាកាសធាតុពីមួយថ្ងៃទៅមួយថ្ងៃ អាចបណ្តាលអោយមានជាគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលនេះជាកត្តាជម្រុញអោយកសិករប្រឈមមុខនឹងហានិភ័យច្រើនជាងពេលមុនៗ។

 

 

    

 

ក្រៅ​ពី​ការ​ការពារ​កសិករ ធានា​រ៉ាប់រង​កសិកម្ម​ក៏​អាច​ជួយ​ធានា​សន្តិសុខ​ស្បៀង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ផង​ដែរ ដោយវាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ហើយធានាថាកសិករអាចបន្តផលិតស្បៀង ចិញ្ចឹមសហគមន៍របស់ពួកគេ និងនាំចេញទៅក្រៅប្រទេសសម្រាប់បង្កើនប្រាក់ចំណូលទៀតផង។

 

សន្និសីទនេះក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រង និងកសិករផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា ក្រុមហ៊ុនធានារ៉ាប់រងអាចយល់កាន់តែច្បាស់អំពីតម្រូវការ និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ និងបង្កើតផលិតផលធានារ៉ាប់រងដែលតម្រូវតាមតម្រូវការជាក់ស្តែងរបស់ពួកគេ។

 

 

 

ក្នុងនោះដែរ លោក នី លីហួង នាយកផ្នែកធានារ៉ាប់រងខ្នាតតូច និងកសិកម្ម នៃក្រុមហ៊ុនហ្វតតេ ក៏បានចែករំលែកបទពិសោធន៍ ក្នុងការផ្តល់ជូនកសិករកម្ពុជានូវការការពារផ្នែកហិរញ្ញវត្ថុពីហានិភ័យអាកាសធាតុផងដែរ។ ប្រៀប​ធៀបទៅ​នឹង​បណ្តាប្រទេស​អាស៊ាន​ផ្សេង​ទៀត កសិករ​កម្ពុជា​ពឹងផ្អែកយ៉ាង​ខ្លាំង​លើ​អាកាសធាតុ​ដើម្បី​ធ្វើ​កសិកម្ម។ បណ្ណសន្យារ៉ាប់រងដំណាំលើសន្ទស្សន៍អាកាសធាតុរបស់យើង គឺជាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការគ្រប់គ្រងហានិភ័យទាក់ទងនឹងអាកាសធាតុ ដោយប្រើសន្ទស្សន៍អាកាសធាតុដែលបានកំណត់ទុកជាមុន ដូចជាភ្លៀងធ្លាក់ច្រើនហួសហេតុ និង/ឬគ្រោះរាំងស្ងួត។ វិធីសាស្រ្តនេះបានបង្ហាញថាមានប្រសិទ្ធភាពក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់កសិករកម្ពុជា ហើយអាចជាដំណោះស្រាយដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតដែលកំពុងស្វែងរកការពង្រីកការផ្តល់របស់ពួកគេ។

 

 

តាមរយះសន្និសីទអន្តរជាតិនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ឲ្យយើងសម្រាប់ការក្រេបយកចំណេះដឹងពីអ្នកជំនាញក្នុងវិស័យធានារ៉ាប់រង ព្រមទាំងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការផ្តល់ដំណោះស្រាយទៅលើធានារ៉ាប់រងកសិកម្មជូនដល់កសិករផងដែរ។  ក្រៅពីនោះ វាក៏បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ ហ្វតតេ ទាំងមូលក្នុងការផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតដល់កសិករនៅក្នុងប្រទេសកម្ពុជា និងការយកចិត្តទុកដាក់របស់យើងក្នុងការលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។

 

 

   

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ