កាលពីថ្ងៃទី10 ខែមេសា ឆ្នាំ2024 ក្រុមការងារផ្នែកធនធានមនុស្សរបស់ ហ្វតតេ គ្រុប ពិតជាមានភាពសោមនស្សរីករាយដែលបានរៀបចំទស្សនៈកិច្ចសិក្សានៅការិយាល័យកណ្ដាលរបស់ ហ្វតតេ និងធ្វើបទបង្ហាញស្តីពីការតម្រង់ទិសអាជីព សម្រាប់និស្សិតមកពី វិទ្យាស្ថានភាសាបរទេស។ នេះគឺជាឱកាសមួយសម្រាប់ឲ្យយុរជនជំនាន់ក្រោយ បានស្វែងយល់ពីបរិយាកាសការងារដ៏រស់រវើកនៅការិយាល័យកណ្តាលរបស់យើង និងទទួលបានចំណេះដឹងដ៏មានតម្លៃចំពោះការចាប់អាជីពក្នុងវិស័យធានារ៉ាប់រង ជាពិសេសជាមួយ ហ្វតតេ គ្រុប។
ដំណើរទស្សនកិច្ចសិក្សានេះ មានការចូលរួមពីនិស្សិតចំនួន20 នាក់ ដែលដឹកនាំដោយសាស្រ្តាចារ្យរបស់ពួកគេមកទស្សនា ការិយាល័យកណ្ដាលរបស់យើង។ លើសពីនេះ ពួកគេត្រូវបានណែនាំឲ្យស្គាល់ពីនាយកដ្ឋានផ្សេងៗក្នុងក្រុមហ៊ុនយើងផងដែរ ហើយធ្វើការប្រាស្រ័យទាក់ទងជាមួយក្រុមការងារផ្នែកធនធានមនុស្សរបស់ ហ្វតតេ គ្រុប ដើម្បីដឹងពីរចនាសម្ព័ន្ធទាំងមូលរបស់ ហ្វតតេ។ បន្ទាប់មក ក្រុមនិស្សិត របស់យើង បានបន្តចូលរួមស្ដាប់ការធ្វើបទបង្ហាញស្តីពីការតម្រង់ទិសអាជីព ដែលបង្ហាញដោយក្រុមការងារផ្នែកធនធានមនុស្សរបស់ ហ្វតតេ គ្រុប ផ្ទាល់។ ក្នុងវគ្គនេះ យើងបានចែករំលែកអំពីប្រវត្តិរបស់ ហ្វតតេ និងព្រឹត្តិការណ៍សំខាន់ៗចាប់តាំងពីការប្រតិបត្តិការមក ដោយផ្តល់ឱ្យពួកគេនូវទិដ្ឋភាពនៃដំណើរការអាជីវកម្មរបស់ ហ្វតតេ។
កម្មវិធីនេះក៏បានបញ្ចូលនូវគន្លឹះសំខាន់ៗ ស្តីពីការរៀបចំ និងវិធីសាស្រ្តអំឡុងពេលបទសម្ភាសន៍ ក្នុងគោលបំណងជួយនិស្សិតអោយទទួលបាន ការងារក្នុងក្តីស្រមៃរបស់ពួកគេនាពេលអនាគត។
យើងសង្ឃឹមថាបទពិសោធន៍ប្រកបដោយភាពស្វាហាប់ និងវិជ្ជាជីវៈនេះ អាចបំផុសគំនិតដល់យុវជនដែលមានទេពកោសល្យជំនាន់ក្រោយឲ្យយល់ដឹងពីឳកាសការងារដ៏សម្បូរបែបក្នុងវិស័យធានារ៉ាប់រង។