រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ – ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និង ធនាគារ ស្ថាបនា ភីអិលស៊ី បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងកសាងភាពជាដៃគូអាជីវកម្ម ផ្តោតលើការគាំទ្រអតិថិជនឱ្យរស់នៅប្រកបដោយភាពជឿជាក់ តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ចំពោះការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរ រួមមាន៖ លោក ម៉ូរីម៉ូតូ យ៉ូស៊ីហារុ អនុប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ស្ថាបនា ភីអិលស៊ី និង លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង និងភ្ញៀវកិត្តិយសជាច្រើនរូប។

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ៖
“ធនាគារ ស្ថាបនា បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ និងបាននិងកំពុងរីកចម្រើនក្លាយជាស្ថាប័នហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តបំផុតមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្តាញប្រតិបត្តិការទូទាំងប្រទេស និងបេសកកម្មក្នុងការផ្តល់លទ្ធភាពដល់សហគ្រិន ឬម្ចាស់អាជីវកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជនតាមរយៈសេវាកម្មធនាគារប្រកបដោយចីរភាព។ ការកសាងភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការរួមបញ្ចូលគ្នានូវដំណោះស្រាយធនាគារ និងធានារ៉ាប់រងឈានមុខគេ ដោយផ្តល់មកវិញនូវបទពិសោធន៍សេវាកម្មប្រកបដោយភាពងាយស្រួល អាចអនុញ្ញាតឱ្យអតិថិជនទទួលបានការការពារហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយស្ថិតនៅកន្លែងតែមួយ។”
លោក ស៊ុយ ចាន់ថារ៉ុង បានបញ្ជាក់បន្ថែមអំពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ហ្វតតេ៖
“ក្រុមហ៊ុន ហ្វតតេ នៅតែបន្តជាប់ចំណាត់ថ្នាក់ AA+(KH) ក្នុងកម្រិតស្តង់ដាជាតិ និង B+ ក្នុងកម្រិតស្តង់ដាអន្តរជាតិ លើភាពរឹងមាំ និងមានស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរយៈពេល ៣ឆ្នាំជាប់គ្នា (ពីឆ្នាំ 2023, 2024, និងឆ្នាំ 2025) ពីស្ថាប័នលំដាប់អន្តរជាតិ GCR។ យើងក៏មានមោទកភាពផងដែរ ដែលត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុនដៃគូវិជ្ជាជីវៈអន្តរជាតិ (International Professional Partner Firm) នៃវិទ្យាស្ថានធានារ៉ាប់រង Chartered Insurance Institute (CII) ដែលជាស្ថាប័នវិជ្ជាជីវៈឈានមុខគេលើពិភពលោកផ្នែកធានារ៉ាប់រង និងផែនការហិរញ្ញវត្ថុ។ ជាមួយនឹងការទទួលស្គាល់ទាំងនេះ យើងពិតជាមានកិត្តិយសណាស់ដែលបានរួមសហការជាមួយ ធនាគារ ស្ថាបនា ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ និងជានិយោជកឆ្នើមនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាបម្រើអតិថិជនដោយទំនុកចិត្ត ភាពជឿជាក់ និងគុណតម្លៃយូរអង្វែង។”

លោក ម៉ូរីម៉ូតូ យ៉ូស៊ីហារុ អនុប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ស្ថាបនា ភីអិលស៊ី បានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំចំពោះភាពជាដៃគូនេះ៖
“ភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាសសរទ្រូងដ៏សំខាន់មួយនៃយុទ្ធសាស្ត្រអាជីវកម្មរយៈពេលវែងរបស់យើង។ នៅធនាគារ ស្ថាបនា គោលបំណងចម្បងរបស់យើងគឺបង្កើតប្រព័ន្ធអេកូឡូស៊ីធនាគារដ៏ល្អបំផុត ដែលអនុញ្ញាតឱ្យអតិថិជនរបស់យើង និងប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន អាចទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុទៅតាមតម្រូវការយ៉ាងងាយស្រួល ដើម្បីគ្រប់គ្រងជីវភាពប្រចាំថ្ងៃ ការពារគោលដៅហិរញ្ញវត្ថុ និងអនាគតរបស់ក្រុមគ្រួសារអតិថិជន។”
“យើងពិតជាមានកិត្តិយសណាស់ដែលបានសហការជាមួយ ក្រុមហ៊ុន ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកធំជាងគេ និងមានវ័យចំណាស់ជាងគេនៅក្នុងប្រទេស។ ខ្ញុំពិតជារីករាយដែលបានឃើញ ហ្វតតេ ដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសកម្មក្នុងការផ្តល់នូវការការពារគ្រប់ជ្រុងជ្រោយ។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់អតិថិជន និងជំរុញកំណើនអាជីវកម្មរបស់យើងទាំងពីរប្រកបដោយចីរភាព ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។”

បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ អតិថិជនរបស់ ធនាគារ ស្ថាបនា នឹងអាចទទួលបានភ្លាមៗនូវផលិតផលធានារ៉ាប់រងដ៏សម្បូរបែប រាប់ចាប់ពី ការធានារ៉ាប់រងលើទ្រព្យសម្បត្តិ យានយន្ត ការធ្វើដំណើរ គ្រោះថ្នាក់បុគ្គល សុខភាព សំណង់ និងការធានារ៉ាប់រងខ្នាតតូច និងកសិកម្ម៕
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 3,500 នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន175 ស្ថាបនាព្រីមារណ៍ ចំនួន4 និងម៉ាស៊ីនអេធីអឹមជាង 280កន្លែង។ ធនាគារ ស្ថាបនា ផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT VisaB2B Connect Visa Direct បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។
នៅដើមឆ្នាំ 2025 ធនាគារ ស្ថាបនាបានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ហើយក្នុងឆ្នាំ 2024 ធនាគារក៏ទទួលពានរង្វាន់ឆ្នើម ពីរនោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking - Cambodia 2024” ពី Global Retail Banking Rankings រួមជាមួយនឹងពានរង្វាន់ធំៗចំនួនប្រាំមួយពី VISA និង Mastercard សម្រាប់ភាពជាអ្នកដឹកនាំ និងកំណើនក្នុងការផ្តល់នូវដំណោះស្រាយទូទាត់។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/en/about-us
អំពី ហ្វតតេ
ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង ក្រោមពាក្យស្លោក «បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ»។
បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ 1999 ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេស ដែលឈានមុខគេក្នុងទីផ្សារធានារ៉ាប់រងទូទៅ ផ្អែកលើទំហំបុព្វលាភសរុបជាមូលដ្ឋាន និងការធានារ៉ាប់រងអាយុជីវិត ដោយបានធ្វើការការពារដល់បងប្អូនកម្ពុជាជាច្រើនគ្រួសារ។
ការផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងការធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ក្រុមហ៊ុន ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយធានារ៉ាប់រងជាក្រុមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។
ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com