នៅពេលដែលយើងនិយាយពីធានារ៉ាប់រង មនុស្សភាគច្រើនតែងតែមានទស្សនៈមួយថា ធានារ៉ាប់រងគឺជាការចំណាយលុយឥតប្រយោជន៍ ជាពិសេសបើសិនជាពួកគាត់មិនបានទាមទារសំណង។
ទស្សនៈនេះគឺជាការយល់ច្រលំដែលមនុស្សភាគច្រើនតែងតែមាន ព្រោះជាធម្មតាយើងតែងតែរំពឹងថានឹងទទួលបានអ្វីមួយត្រលប់មកវិញភ្លាមៗនៅពេលដែលយើងដោះដូរវាជាមួយលុយ។ ឧទាហរណ៍ នៅពេលទិញទូរសព្ទមួយគ្រឿង អ្នកឱ្យលុយទៅអ្នកលក់ដើម្បីដោះដូរជាមួយនឹងទូរសព្ទថ្មីរបស់អ្នក។ ដូចនេះ លោកអ្នកអាចទទួលបានរបស់ដែលលោកអ្នករំពឹងទុកភ្លាមៗ។ ប្រសិនបើលោកអ្នកចង់ជាវសេវាកម្មអ្វីមួយ ដូចជាការកាត់សក់ ជាងកាត់សក់នឹងផ្ដល់ជូនសេវាកម្មកាត់សក់របស់លោកអ្នកដើម្បីដោះដូរជាមួយនឹងលុយ។ ធានារ៉ាប់រងមានភាពខុសប្លែកពីការដោះដូរខាងលើបន្តិចដោយសារការដោះដូររវាងលោកអ្នក និងក្រុមហ៊ុនធានារ់ាប់រងគឺជា កិច្ចសន្យា ថានៅពេលដែលលោកអ្នកជួបឧបទ្ទេវហេតុ ឬមានហេតុការណ៍ដែលអាចធ្វើឱ្យមានការខូចខាត ឬបាត់បង់វត្ថុដែលត្រូវបានធានា លោកអ្នកនឹងមានសុវត្ថិភាពហិរញ្ញវត្ថុ ព្រោះក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើសំណងជូនលោកអ្នក។
បើនិយាយឱ្យសាមញ្ញទៅ បើសិនជាមានឧបទ្ទេវហេតុកើតឡើងលើរូបអ្នក ឬវត្ថុដែលលោកអ្នកធានា ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្ដល់សំណងជូនលោកអ្នកដើម្បីប៉ះប៉ូវការខូតខាតត្រឡប់មកវិញ ឬទទួលការព្យាបាលដែលលោកអ្នកត្រូវការ។ និយាយទៅ ធានារ៉ាប់រងប្រៀបដូចជា ពោងសុវត្ថិភាព របស់ឡានអ៊ីចឹង។ លោកអ្នកបំពាក់ពោងសុវត្ថិភាពសម្រាប់ជួយកាត់បន្ថយហានិភ័យដែលធ្វើឱ្យមានគ្រោះថ្នាក់ក្នុងជីវិតនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែទាំងអ្នក និងខ្ញុំសុទ្ធតែមិនចង់មានថ្ងៃដែលយើងត្រូវប្រើប្រាស់ពោងនេះទេ មែនទេ?
ធានារ៉ាប់រងជួយលោកអ្នករក្សាជីវភាពរស់នៅរបស់លោកអ្នក និងធានាជូនលោកអ្នកថាលោកអ្នកមិនចាំបាច់ត្រូវខ្ចីលុយអ្នកដទៃដើម្បីព្យាបាលខ្លួន ឬចំណាយចាំបាច់លើវត្ថុដែលខូចខាត ឬបាត់បង់ហើយនោះទេ។
ដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមទាក់ទងទៅ 023 885 077 ។