ថ្ងៃច័ន្ទ, មិនា 25, 2019

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុត សម្រាប់ឆ្នាំទី៥ជាប់ៗគ្នា


ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បាននិងកំពុងបន្តតំណែងជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេបន្ទាប់ពីឈ្នះពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតនាពេលថ្មីៗនេះ

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បន្តបំបែកកំណត់ត្រានៅក្នុងវិស័យធានារ៉ាប់រងទូទៅនៅកម្ពុជាដោយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងនាំមុខគេ និងធំជាងគេបន្ទាប់ពីក្រុមហ៊ុនឈ្នះនូវពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតសម្រាប់រយះពេល ៥ឆ្នាំជាប់ៗគ្នា។

ពានរង្វាន់ដែលផ្ដល់ជូនដោយទស្សនាវដ្តីអន្ដរជាតិ GLOBAL BANKING & FINANCE REVIEW គឺជាសក្ខីភាព និងការទទួលស្គាល់នូវភាពជោគជ័យរបស់ក្រុមហ៊ុន ក៏ដូចជាភាពច្នៃប្រឌិតក្នុងការផ្ដល់ជូននូវផលិតផល និងការខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពសម្រាប់បម្រើសេវាជូនអតិថិជនរបស់ក្រុមហ៊ុនទាំងអស់។ ភាពច្នៃប្រឌិតនឹងឆន្ទៈដ៏មោះមុតក្នុងការផ្ដល់ជូននូវសេវាល្អបំផុតសម្រាប់អតិថិជន គឺគោលការណ៍ដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តចាប់តាំងពីឆ្នាំក្រុមហ៊ុនបើកដំណើការនាឆ្នាំ១៩៩៨មកម៉្លេះ។

ក្នុងខណះដែលក្រុមហ៊ុនបាននិងកំពុងប្រារព្ធខួបគម្រប់ ២០ឆ្នាំចំពោះវត្តមានដំណើរការនៅកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ​ បាននិងបន្តតំណែងជាក្រុមហ៊ុនធានារ៉ាប់រងទូទៅធំជាងគេដែលមានចំណែកទីផ្សារធំជាងគេនៅក្នុងវិស័យធានារ៉ាប់រងទូទៅហើយតំណែងនេះក្រុមហ៊ុនបានកាន់កាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ។ សម្រាប់ឆ្នាំ២០១៨ ក្រុមហ៊ុន ហ្វតតេ ទទួលបានចំណែកទីផ្សាររហូតដល់ ៤៥.៦% និងមានបុព្ធលាភសរុបចំនួន ៣៩.៥​លានដុល្លារអាមេរិក។

សមិទ្ធផលដ៍ធំំធេងផ្សេងទៀត មានដូចជា ក្រុមហ៊ុន ហ្វតតេ​ បានទទួលនូវអាជ្ញាប័ណ្ណធានារ៉ាប់រងជីវិតដើម្បីពង្រីកខ្លួនក្នុងការផ្ដល់ជូនសេវាធានារ៉ាប់រងអាយុជីវីត ទៅដល់អតិថិជន។​បន្ថែមពីនេះ ក្រុមហ៊ុនក៏បានពង្រីកខ្លួននៅក្នុងអន្ដរជាតិ ដោយក្រុមហ៊ុនបានទិញភាគហ៊ុនកាន់កាប់ក្រុមហ៊ុន Tokojaya Lao Assurance co. Ltd, សម្រាប់ផ្ដល់ជូនសេវាធានារ៉ាប់រងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោកអគ្គនាយកប្រតិបត្តិ Charles Cheo បានថ្លែងឲ្យដឹងថា “វាពិតជាមហាកិត្តិយសសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេដែលក្រុមហ៊ុនត្រូវបាន​ទទួលស្គាល់និងផ្ដល់ជូននូវជ័យលាភីជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតសម្រាប់៥ឆ្នាំជាប់ៗគ្នា”លោក បានបន្តទៀតថា “ ដើម្បីឆ្លើយតបទៅនឹងការទទួលស្គាល់ និងជាពិសេសគឺការគាំទ្រពីអតិថិជនទាំងអស់ យើងខ្ញុំនឹងប្ដេជ្ញានឹងបន្តបង្កើតនូវអ្វីៗដែលប្លែក ទាំងក្នុងការច្នៃប្រឌិត គុណប្រយោជន៍ និងកម្រិតសេវាសម្រាប់អតិថិជន និងដៃគូទាំងអស់របស់ក្រុមហ៊ុន។​

លោកអគ្គនាយកប្រតិបត្តិបានថ្លែងថាសមិទ្ធផល និងភាពជោគជ័យរបស់ក្រុមហ៊ុនមកដល់សព្វថ្ងៃនេះនឹងមិនអាចកើតមានឡើងប្រសិនបើគ្មានការចូលរួមយ៉ាងអស់ពីកម្លាំងចិត្ត ពីបុគ្គលិកក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ហើយអ្វីកាន់តែពិសេសគឺពួកគាត់បានចំណាយពេលវេលាក្នុងការបម្រើការជូនក្រុមហ៊ុនមិនតិចជាង១០ឆ្នាំឡើយ។ 

លោកបានមានប្រសាសន៍ថា "ផលិតផល ដែលមានគុណភាពទាំងផ្នែកសេវាកម្ម និងបំពេញតម្រូវការរបស់អតិថិជន​អាចកើតមានឡើងដោយសារធនធានមនុស្សដែលមានគំនិតច្នៃប្រឌិត និងជំនាញច្បាស់លាស់។ យើងខ្ញុំពិតជាមានមោទនភាពដែលមានធនធានមនុស្សដ៏មានបទពិសោធន៍ចំណេះដឹងច្បាស់លាស់  ការយល់ដឹងប្រកបដោយលក្ខណះទូលំទូលាយនឹងភាពច្នៃប្រឌិតដើម្បីសម្រេចបាននូវភាពដៃគូយូអង្វែងជាមួយអតិថិជន ដៃគូអជីវកម្ម និងភាគីពាក់ព័ន្ធទាំងអស់។

សម្រាប់ឆ្នាំ២០១៩ ក្រុមហ៊ុននឹងបន្តសិក្សាពីលទ្ធភាពក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ផ្សេងទៀត។​ ក្រុមហ៊ុននៅតែបន្តឥតងាក់រេក្នុងការផ្ដោតសំខាន់លើចំនុចខ្លាំងរបស់ខ្លួនគឺតាមរយះការផ្ដល់ជូននូវផលិតផល​ ក៏ដូចជាពង្រីកការយល់ដឹងអំពីសារះប្រយោជន៍របស់សេវាធានារ៉ាប់រងដល់ប្រជាជន​កម្ពុជាឲ្យកាន់តែមានភាពខ្លាំងខ្លារ និងដុះដាល។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ធនាគារ និងហិរញ្ញវត្ថុសកលលោក ត្រូវបានទទួលស្គាល់ទូទាំងសហគមន៍ហិរញ្ញវត្ថុ និងធនាគារពិភពលោក។ ពានរង្វាន់នេះ បើកទូលាយដល់ក្រុមហ៊ុនគ្រប់ប្រភេទ គ្រប់ទំហំ ដែលការវិនិច្ឆ័យអ្នកឈ្នះពានរង្វាន់ត្រូវបានជ្រើសរើសដោយផ្អែកលើការច្នៃប្រឌិត សមិទ្ធផល និងយុទ្ធសាស្ត្រ។