ថ្ងៃច័ន្ទ, មិនា 14, 2022

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតរយៈពេល៨ឆ្នាំជាប់ៗគ្នា

ភ្នំពេញ៖ ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជាត្រូវបានទទួលស្គាល់ថាជា "ក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតឆ្នាំ ២០២២ នៅកម្ពុជា" ដោយ Global Banking & Finance Review ដែលជាស្ថាប័នផ្តល់ពានរង្វាន់អន្តរជាតិដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ហ្វតតេ នៅតែបន្តទទួលបានតំណែងឈានមុខគេក្នុងការផ្តល់សេវាធានារ៉ា​ប់រងទូទៅល្អបំ​ផុតជូនដល់អតិថិជនរបស់ខ្លួន ហើយវាជាឆ្នាំទី៨ដែល ហ្វតតេ ទទួលបានពានរង្វាន់នេះ។

បើយោងទៅតាម​ Global Banking & Finance Review ក្រុមហ៊ុន ហ្វតតេ ទទួលបានពានរង្វាន់នេះ​ដោយសារតែការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការផ្តល់សេវាកម្មជូនអតិថិជនល្អឥតខ្ចោះ ការផ្តល់ដំណោះស្រាយនានា​មានការលឿនរហ័ស និងផ្អែកលើគោលការណ៍ ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកប្រកបដោយវិជ្ជាជីវៈ ជាពិសេសការចូលរួមយ៉ាងសកម្ម និងការគាំទ្រនូវរាល់សកម្មភាពដែលជួយដល់សហគមន៍តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៨មក ហ្វតតេបានអនុវត្តនូវស្តង់ដារអន្តរជាតិក្នុងការផ្តល់សេវា​ធានារ៉ាប់រងជូនដល់អតិថិជនរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់ខ្ពស់។ បន្ថែមពីលើនេះទៅទៀត ហ្វតតេ តែងតែអភិវឌ្ឍន៍ និងបង្កើតផលិតផលថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់​ដើម្បីបំពេញតម្រូវការទីផ្សារ​​បច្ចុប្បន្នទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតសម្រាប់បុគ្គល និងសាជី​វកម្ម។

“វាជាមោទនភាពមួយរបស់ក្រុមហ៊ុន ហ្វតតេ ដែលឈ្នះពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតសម្រាប់រយៈពេលប្រាំបីឆ្នាំជាប់ៗ។ យើងមានកិត្តិយសក្រៃលែងក្នុងការធ្វើការជាមួយបុគ្គលិកជាតិ និងអន្តរជាតិ​ដែលកត្តានេះហើយដែលធ្វើឱ្យ ហ្វតតេ ខ្លាំង ព្រោះនៅពេលដែលយើងធ្វើការរួមគ្នារវាងបុគ្គលិកជាតិ និងអន្តរជាតិ យើងបានបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកនូវជំនាញ បទពិសោធន៍ និងកិច្ចការផ្សេងៗទៀតដើម្បីផ្តល់សេវាល្អ​ឥតខ្ចោះ និងបង្កើតទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន ដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធរបស់យើង” នេះជាការលើកឡើងរបស់លោក Charles Cheo ប្រធានគណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វតតេ

លោក យក ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង បានលើកឡើងថាពានរង្វាន់នេះគឺជាការ​ខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ហ្វតតេ “ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះបុគ្គលិក ហ្វតតេ គ្រប់ជាន់ថ្នាក់ដែលមានការលះបង់ខ្ពស់ចំពោះការងារ ជាពិសេស និងដៃគូសហការរបស់យើងទាំងអស់ក្នុងការរួមចំណែកដល់ភាពជោគជ័យមួយនេះពានរង្វាន់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត ការលះបង់ ជាពិសេស​ការផ្តល់សេវាជូនអតិថិជនរបស់បុគ្គលិកយើងប្រកបដោយចំណេះ ជំនាញ និងបទពិសោធនធ្វើយ៉ាងណាដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរជាងមុន”

ក្នុងឆ្នាំ២០២២នេះ ហ្វតតេ នឹងពង្រីកការផ្តល់ជូនសេវាធានារ៉ាប់រងលើវិស័យកសិកម្ម បង្កើនការផ្សព្វផ្សាយទៅកាន់ក្រុមហ៊ុនដែលមានចំណូលទាប និងមធ្យម ក៏ដូចជាការវិនិយោគលើការប្រើប្រាស់សេវាធានារ៉ាប់រងតាមប្រព័ន្ធឌីជីថលដែលផ្តោតទៅលើចំណុចខ្លាំងរបស់ក្រុមហ៊ុនទាំងនោះ ការផ្តល់ជូនសេវាធានារ៉ាប់រងដ៏សម្បូរបែបជូនដល់ពួកគេ និងបង្កើនការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់ជាវិជ្ជមានរបស់សេវាធានារ៉ាប់រងដល់ការរស់នៅរបស់ប្រជានជនកម្ពុជា

គួបញ្ជាក់ផងដែរថា ពានរង្វាន់ Global Banking & Finance Review ត្រូវបានទទួលស្គាល់ជាសកលទូទាំងសហគមន៍ធនាគារ និងហិរញ្ញវត្ថុ។ ពានរង្វាន់នេះត្រូវបានអនុញ្ញាតឱ្យក្រុមហ៊ុនហិរញ្ញវត្ថុទាំងអស់ទូទាំងពិភពលោកអាចដាក់ពាក្យដើម្បីប្រកួតប្រជែង ដោយមានការជ្រើសរើសផ្អែកលើលក្ខណៈវិនិច្ឆ័យរួមមាន៖ ការច្នៃប្រឌិត សមិទ្ធិផលនានា និងយុទ្ធសាស្ត្រជាដើម។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ មក ហ្វតតេ បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅក្នុងតំបន់មេគង្គ។ ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ក្រោយមកពង្រីកទៅប្រទេសឡាវ ហ្វតតេ បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តន៍នូវស្តង់ដាអន្តរជាតិទាំង ផ្នែកសេវាកម្ម និងគ្រប់គ្រង។ បច្ចុប្បន្ននេះ ហ្វតតេ កំពុងតែផ្តល់សេវាធានារ៉ាប់រងដ៏សម្បូរបែបទាំងបុគ្គល និងសាជីវកម្មដែលធ្វើឱ្យអតិថិជនរបស់យើងទទួល​បានភាពកក់ក្តៅ និងការការពារហិរញ្ញវត្ថុរបស់ពួកគេ។ ផលិតផលរបស់ ហ្វតតេ រួមមាន៖  សេវាធានារ៉ាប់រងអគ្គីភ័យ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ឬជាក្រុម សេវាធានារ៉ាប់រងផ្ទះ និងអចលនទ្រព្យ សេវាធានារ៉ាប់រងលើការដឹកជញ្ជួនទំនិញផ្សេងៗ សេវាធានារ៉ាប់រងហានិភ័យទាំងអស់របស់អ្នកម៉ៅការ សេវាធានារ៉ាប់រងអាកាសចរណ៍ សេវាធានារ៉ាប់រងយានយន្ត សេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងបំណុលសាធារណៈ និងសេវាធានារ៉ាប់រងផ្សេងៗជាច្រើនទៀត។​